សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព» ដែលផ្តល់ដោយក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប
នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីជ្រើសតាំង
សម្តេចជា«ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក
សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព «Global
Ambassador for Tourism and Sustainable Development Goals» ដែលផ្តល់ដោយក្រុមប្រឹក្សាទេសចរណ៍
និងពាណិជ្ជកម្មអឺរ៉ុប។ ពិធីនេះគឺធ្វើឡើងនៅវិមានសន្តិភាព
ដោយមានការអញ្ជើញចូលរួមពីលោកសាស្ត្រាចារ្យបណ្ឌិត អានតុន ការ៉ាហ្គា (Anton
Caragea) ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុបថ្នាក់ដឹកនាំក្រុមប្រឹក្សាទេសចរណ៍
និងពាណិជ្ជកម្មអឺរ៉ុប ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា
ជាច្រើនរូបទៀតផងដែរ។ ជាមួយនោះដែរ ក៏មានការផ្តល់ជ័យលាភីជូនរាជធានីភ្នំពេញជា «រាជធានីនៃវប្បធម៌
និងទេសចរណ៍ពិភពលោក» «World Capital of Culture
and Tourism» ពីសំណាក់ក្រុមប្រឹក្សាទេសចរណ៍និងពាណិជ្ជក្មអឺរ៉ុប។
លោកសាស្ត្រាចារ្យបណ្ឌិត អានតុន ការ៉ាហ្គា (Anton Caragea) បានលើកឡើងថា សម្តេចតេជោ
ហ៊ុន សែន គឺជាវីរបុរសដែលដឹកនាំប្រទេសកម្ពុជាពីចំណុចសូន្យ
ពីប្រទេសដែលគ្មានទេសចរអោយក្លាយមកជាប្រទេសដែលមានទេសចរជាង៥លាននាក់ក្នុង១ឆ្នាំ។
កាលពីឆ្នាំ ១៩៧៩ ផលិតផលក្នុងស្រុកមានត្រឹមតែជាងពីរពាន់លានដុល្លារ
ហើយបានកើនជាបន្តរហូតដល់ ៥៤ពាន់លានដុល្លាររហូតមកដល់សព្វថ្ងៃនេះ។
ចំពោះការវិនិយោគបរទេសវិញគឺបានកើនពីសូន្យរហូតដល់១,៧ពាន់លានដុល្លារប្រចាំឆ្នាំ។
ដោយមានគំរូដ៏ល្អឥតខ្ចោះក្នុងការដឹកនាំនេះហើយទើប សម្តេចតេជោ ត្រូវបានជ្រើសតាំងជាអគ្គរដ្ឋទូតសុច្ឆន្ទៈទេសចរណ៍អន្តរជាតិ
និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនាពេលអនាគត។
ចំណែកលោកបណ្ឌិត Mircea Constantinescu ប្រធានបណ្ឌិតសភាទេសចរណ៍អឺរ៉ុប
បានមានប្រសាសន៍ថា ការចុះបញ្ជីរាជធានីភ្នំពេញ ជារាជធានីនៃវប្បធម៌ និងទេសចរណ៍ពិភពលោក
យើងបានយកចេញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន
និងសមិទ្ធផលមិនគួរឲ្យជឿនៃរយៈពេល៣០ឆ្នាំចុងក្រោយ ក្នុងកម្មវិធីការពារវប្បធម៌
និងបេតិកភណ្ឌ ការធានាការអភិរក្ស អភិវឌ្ឍន៍ និងការលើកកម្ពស់សាសនា ប្រពៃណី
និងទំនៀមទម្លាប់ផ្សេងៗទៀត។ រាជធានីភ្នំពេញ កំពុងបង្ហាញនូវកិត្តិស័ព្ទ
និងលក្ខណៈពិសេសរបស់ខ្លួនតាមរយៈ ទេសភាពនៃវប្បធម៌ ប្រកបដោយភាពចម្រុះគ្នា
ដែលមានលាយឡំដោយធនធានធម្មជាតិ និងវប្បធម៌។ រាជធានីភ្នំពេញ គឺជាតំបន់ដ៏វិសេសវិសាលមួយ
ដែលរួមបញ្ចូលនូវបរិបទធម្មជាតិ ដែលជាចំណុចប្រសព្វនៃទន្លេទាំងបី គឺទន្លេមេគង្គ
ទន្លេបាសាក់ និងទន្លេសាប ដែលជាទន្លេតែមួយគត់លើពិភពលោក ដែលហូរឡើងទៅលើ
(ហូរបញ្ច្រាស)រយៈពេល៦ខែក្នុងមួយឆ្នាំ។
ទេសភាពធម្មជាតិដ៏ល្អឥតខ្ចោះនេះបានក្លាយទៅជាទីកន្លែងវប្បធម៌ដ៏មានភាពសម្បូរបែបមួយដែលរួមបញ្ចូលទាំងសាសនានិងកេរ្តិ៍ដំណែលបេតិកភណ្ឌជាតិដូចជា
វត្តឧណ្ណាលោម ដែលមានទីសក្ការៈបូជា សម្រាប់ឧទ្ទិសបូជាដល់ព្រះពុទ្ធសាសនា
ហើយចាត់ទុកថា ជាទីអាសនៈនៃព្រះពុទ្ធសាសនាកម្ពុជា
និងបានប្រារព្ធពិធីបុណ្យជារៀងរាល់ឆ្នាំក្រៅពីនោះ
រាជធានីភ្នំពេញក៏មានកន្លែងគោរពសាសនាផ្សេងៗជាច្រើនទៀតផងដែរ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
បានអញ្ជើញទទួលនូវមេដាយសរសើរជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក
សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព «Global
Ambassador for Tourism and Sustainable Development Goals» ដែលផ្តល់ដោយក្រុមប្រឹក្សាទេសចរណ៍
និងពាណិជ្ជកម្មអឺរ៉ុប ក្នុងបរិយាកាសរីករាយក្រៃលែង៕
បញ្ជាក់ៈ ប្រភពពី Facebook Page:Samdech Hun Sen, Cambodian Prime Minister









Comments
Post a Comment